ម៉ារ៉េន និង នីតា រៀននៅសកលវិទ្យាល័យជាមួយគ្នា ពួកគេទាំងពីរនាក់តែងតែរកពេលវេលានៅក្បែរគ្នា មិនចង់ទៅណាឃ្លាតពីគ្នាមួយគ្រាណាឡើយ។ ការជួបគ្នា នៅក្បែរគ្នាជាញឹកញាប់បង្កើតបានក្តីស្រលាញ់ដ៏ជ្រាលជ្រៅមួយស្ទើរតែមិនអាចបំភ្លេចបាន។ ថ្ងៃមួយម៉ារ៉េនហាក់ដូចមិនស្រួលនៅក្នុងចិត្ត គេសំឡឹងមុខនីតាដោយកែវភ្នែករលីងរលោងហើយសួរនាងថា បើថ្ងៃណាមួយគ្មានអូននៅក្បែរតើបងត្រូវរស់នៅយ៉ាងណា? គេដឹងថាថ្ងៃណាមួយគេនឹងបាត់បង់នីតាដោយសារថានៈគ្រួសារជាមិនខាន ព្រោះគ្រួសារនីតាជាអ្នកមានឯខ្លួនជាគ្រួសារអ្នកក្រមកពីខេត្តឆ្ងាយមកស្នាក់នៅក្នុងវត្តដើម្បីបានសិក្សាក្នុងសកលវិទ្យាល័យ។ ទោះបីជាយ៉ាងនេះក្តី ម៉ារ៉េននៅតែមិនអាចគេចចេញពីច្រវ៉ាក់ស្នេហ៏នេះបានឡើយ ព្រោះថាក្តីស្រលាញ់មួយនេះគឹវាបានកប់ជ្រៅក្នុងក្រអៅបេះដូងរបស់គេទៅហើយ ហើយគេរំពឹងទុកថាគេនឹងបានរស់ក្បែរមនុស្សស្រីដែលខ្លួនស្រលាញ់អស់មួយជីវិត ។ ជាអកុសល រឿងរ៉ាវស្នេហាគេទាំងពីរបានលេចឮទៅដល់ឳពុកម្តាយនីតា គាត់ទាំងពីរបានស៊ើបពីប្រវត្តិម៉ារ៉េនហើយដឹងថា គ្រួសារម៉ារ៉េនក្រីក្រណាស់ ពួកគាត់ក៏ស្នើរសុំឲ្យនីតាបំភ្លេចម៉ារ៉េនចោល ដោយលើកហេតុផលជាច្រើនដែលអាចឲ្យនីតាជឿទទួលយកបាន ប៉ុន្តែម៉ារ៉េនវិញអ្វីដែលខ្លួនអាចធ្វើបានគឺនៅតែរក្សាក្តីស្រលាញ់ទាំងទឹកភ្នែកនៅក្នុងបេះដូងតែម្នាក់ឯង ក្រោយមកពួកគេក៏ស្ថិតនៅឆ្ងាយពីគ្នាបន្តិចម្តងៗហើយក៏លែងបានជួបគ្នាចាប់តាំងពីពេលនោះមក។ កន្លងទៅច្រើនឆ្នាំពួកគេមានការងាររៀងៗខ្លួន ពួកគេនៅតែបង្កប់និងរក្សានូវក្តីស្រលាញ់ចំពោះគ្នារហូតដោយគ្មានអ្នកណាដឹង ម៉ារ៉េនពិតជាចង់ជួបនីតាខ្លាំងណាស់ដើម្បីបង្ហាញនាងនូវក្តីនឹករលឹកដ៏លើសលុបមួយនេះ ហើយនឹងទន្ទឹងរង់ចាំយ៉ាងខ្លោចផ្សាក្នុងចិត្តជាទីបំផុត។ ទន្ទឹមនឹងនោះមានស្រីជាច្រើនស្រលាញ់នូវឬកពារលក្ខណៈរបស់ម៉ារ៉េនដែលជាសុភាពបុរសគួរឲ្យស្រលាញ់ ក្នុងនោះមាន ធានីមិត្តរួមការងាររបស់ម៉ារ៉េនក៏តែងតែព្យាយាមនៅក្បែរម៉ារ៉េន ហើយនាងក៏ជាស្រីស្អាតនឹងសុភាពគួរឲ្យស្រលាញ់ផងដែរ ប៉ុន្តែសម្រាប់ម៉ារ៉េន ក្តីស្រលាញ់នេះគេបានប្រគល់ឲ្យទៅនីតាអស់ទៅហើយ គេត្រឹមតែបានរាប់អាននាងជាប្អូនស្រីម្នាក់ប៉ុណ្ណោះ។ ថ្ងៃមួយនៅលើដងវិថីនៃរាជធានីភ្នំពេញ គេបានបណ្តើរគ្នាជាមួយធានី កំពុងតែដើរនិយាយគ្នាពីនេះពីនោះ ស្រាប់តែគេប្រទះភ្នែកឃើញនីតាកំពុងដើរនៅលើផ្លូវម្ខាងទៀត ដោយក្តីនឹករលឹកខ្លាំងពេក គេក៏ស្ទុះរត់ទៅរកនាងភ្លាមដោយមិនបានខ្វល់ពីអ្វីទាំងអស់ ផាំង! សំលេងដូចជាមានរបស់អ្វីមួយប៉ះគ្នា តាមពិតគឹម៉ារ៉េន ត្រូវឡានបុករបួសធ្ងន់បាត់ទៅហើយ ភ្លាមនោះធានីដែលដើរជាមួយគ្នានោះ ក៏បានស្ទុះទៅលើកត្រកង អង្រួនស្រែកហៅ បង! បង! ដឹងខ្លួនឡើង កុំទៅណាចោលលអូន អូនស្រលាញ់បង តែហាក់ដូចជាគ្មានបានផលអ្វីទាំងអស់ ម៉ារ៉េនសន្លប់ស្តូកស្តឹងបាត់ទៅហើយ មនុស្សម្នាជាច្រើនចោមរោមមើលរួមទាំងនីតាផងដែរ នាងបានសម្លឹងនឹងឃើញនូវព្រឹត្តិការណ៍ច្បាស់នឹងភ្នែក នាងឈរភាំងស្មារតីមិននឹកស្មានថាមនុស្សដែលនាងស្រលាញ់ទើបតែបានជួបបែជាមានរឿងដូច្នេះសោះ នាងបានឃើញទង្វើរបស់ធានីធ្វើឲ្យនាងគិតថាធានីជាសង្សារថ្មីរបស់ម៉ារ៉េន ហើយគេបំភ្លេចនាងបាត់ទៅហើយ។ ម៉ារ៉េនក៏ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ នៅខាងមុខបន្ទប់សង្គ្រោះបន្ទាន់ ធានីដើរច្រាសច្រាលទៅមកៗ ឯនីតាខំបន់ស្រន់ឲ្យម៉ារ៉េនរួចផុតពីសេចក្តីស្លាប់ ហើយរំពឹងទុកថាម៉ារ៉េននៅតែស្រលាញ់នាង ពួកគេនឹងរៀបការជាមួយគ្នា ទោះជាមានវណ្ណះមករារាំងយ៉ាងណាក៏ដោយ។ កម្មស្នេហ៏លោកីយ៍ពិតជាមានមែន ជីវិតដល់កាលកំណត់របស់ព្រហ្មលិខិត ម៉ារ៉េនមិនអាចគេចផុតពីសេចក្តីស្លាប់ឡើយ លោកគ្រូពេទ្យចេញមកគ្រវីក្បាលជាសញ្ញាបញ្ជាក់ប្រាប់ថាអស់សង្ឃឹមទៅហើយ សំលេងសោកសង្រែងទ្រហ៊ោយំពេញមន្ទីពេទ្យ។ នៅចំពោះមុខធានី “ អ្នកនាងនីតាសូមទោស ខ្ញុំប្រឹងអស់លទ្ធភាពទៅហើយ ក្នុងពេលដែលខ្ញុំកំពុងជួយគាត់ គាត់បានស្រែករកឈ្មោះអ្នកនាងរហូត ហើយនៅដង្ហើមចុងក្រោយគាត់មានរបស់ជាប់នឹងខ្លួនទំនងជាទុកឲ្យអ្នកនាង” លោកគ្រូពេទ្យហាក់ដូចជាប្រាប់ច្រឡំមនុស្ស នីតាឈរក្បែរដឹងយ៉ាងច្បាស់ថា នោះជារបស់អនុស្សាវរីតែមួយគត់ដែលនាងឲ្យម៉ារ៉េនកាលពីនៅសកលវិទ្យាល័យ ទឹកភ្នែកនាងហូរកាន់តែខ្លាំងនឹងឈឺផ្សារបំផុតពេលដែលដឹងថាម៉ារ៉េនមិនដែលភ្លេចនាងម្តងណាឡើយ ចុងក្រោយបំផុតនាងត្រូវរស់នៅជាមួយវិប្បដិសារីអស់មួយជិវិត។
No comments:
Post a Comment